ICT4D Cambodia Network Close

តាមដានវេទិកាអភិបាលកិច្ចតាមអ៊ីនធឺណិតជប៉ុន

អ៊ីនធឺណិត និងបច្ចេកវិទ្យាតែងតែជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយដើម្បីស្រាវជ្រាវ។ នាងខ្ញុំឈ្មោះ រស់ ច័ន្ទវល័ក្ខ ។ ខ្ញុំ​មិន​មែន​ជា​អ្នក​ជំនាញ​​ផ្នែកបច្ចេកវិទ្យា​នោះ​ទេ ប៉ុន្តែនាង​ខ្ញុំ​ជា​អ្នក​ចូល​ចិត្ត​លើ​បច្ចេកវិទ្យាយ៉ាងខ្លាំង ។ ខ្ញុំ​បានប្រើប្រាស់​​បច្ចេកវិទ្យា ឬ​អ៊ីនធឺណិត តាំងពីយូរណាស់មកហើយ។ ពីការមើលវីដេអូសាមញ្ញៗតាមអ៊ីនធឺណិត រហូតដល់ការស្រាវជ្រាវលើទំនាក់ទំនងអន្តរជាតិ ដោយនេះជាជំនាញរបស់ខ្ញុំ។ខ្ញុំពិតជាមានសំណាងណាស់! ដែលបានជ្រើសរើសឱ្យធ្វើចូលរួមវេទិកាអភិបាលកិច្ចអ៊ីនធឺណិត (IGF) 2023 នៅទីក្រុងក្យូតូ ប្រទេសជប៉ុន ដោយនាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ហៅកាត់UNDESA) និងអង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​ (អូឌីស៊ី)។ វាជាផ្លូវដ៏វែងឆ្ងាយមុនការផ្ដល់ឱកាសមួយនេះ។ ជំហានដំបូងរបស់ខ្ញុំជាមួយបច្ចេកវិទ្យាគឺបានកើតឡើងនាកំឡុងឆ្នាំទីពីរនៃជីវិតមហាវិទ្យាល័យ គឺនៅពេលដែលខ្ញុំត្រូវបានការងារជាអ្នកសម្របសម្រួលការអភិវឌ្ឍន៍ផលិតផល។ ខ្ញុំបានគ្រប់គ្រងផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនមួយតែម្នាក់ឯង ដែលធ្វើការលើគម្រោងក្នុងការគ្រប់គ្រងអគារ។ វាពាក់ព័ន្ធទាំង បច្ចេកវិទ្យាហិរញ្ញវត្ថុ ហៅថា Fintech និងបច្ចេកវិទ្យាអចលនទ្រព្យ ហៅថា Proptech ។ ខ្ញុំបានប្រមូលទិន្នន័យផ្ទាល់ខ្លួនច្រើនជាច្រើនពី លំនៅដ្ឋាន និង ម្ចាស់លំនៅដ្ឋាន។យើងបានប្រើទិន្នន័យដើម្បីជួយកែលម្អប្រព័ន្ធរបស់យើងនៅក្នុងបញ្ហាគ្រប់គ្រង ការទំនាក់ទំនង និងការទូទាត់ទឹកប្រាក់។ យើងមិនដែលគិតថាទិន្នន័យនេះមានសារៈសំខាន់នោះទេ ព្រោះវាគ្រាន់តែជាឈ្មោះ និងលេខទូរស័ព្ទប៉ុណ្ណោះ។ ក្រោយមក ខ្ញុំបានធ្វើការឱ្យអង្គការអន្តរជាតិមួយ ដែលខ្ញុំបានឃើញទិន្នន័យតូចៗទាំងនេះគួររក្សាជាការសម្ងាត់។ យើងអាចមើលឃើញភាពខុសគ្នានៃរបៀប គ្រប់គ្រងទន្និន័យ របស់ក្រុមហ៊ុននីមួយៗ ពីព្រោះពុំមានចំណេះដឹងអំពីបញ្ហានេះ ឬការអប់រំពីការគ្រប់គ្រងទន្និន័យ និងច្បាប់ដែលពាក់ព័ន្ធ។

នៅឆ្នាំ២០២៣នេះ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ​ បានជ្រើសរើសគណៈកម្មការរៀបចំ វេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា (ហៅកាត់YIGF) ជាលើកដំបូងដែលមិនធ្លាប់មាននៅកម្ពុជា។ អរគុណ អូឌីស៊ីផងដែរ ដែលបានជ្រើសរើសនាងខ្ញុំ។ ទោះបីជាចំណេះដឹងរបស់ខ្ញុំ អំពីអភិបាលកិច្ចអ៊ីនធឺណិត នៅមានការខ្វះខាត ប៉ុន្តែក្នុងអំឡុងរយះពេលបីខែចុងក្រោយនេះ អូឌីស៊ី និងក្រុមការងារ បាន សហការគាំទ្រក្រុមយុវជនយើងឲ្យមានការយល់ដឹងពី សារៈសំខាន់នៃការគ្រប់គ្រងទិន្នន័យ ការការពារឧបករណ៍ និង ទិដ្ឋភាពច្បាប់ពាក់ព័ន្ធនិងអភិបាលកិច្ចអ៊ីនធឺណិត  នៅក្នុងប្រទេសផ្សេងៗ។ វេទិកាវេទិកាអភិបាលកិច្ចអ៊ីនធឺណិតសម្រាប់យុវជនកម្ពុជា  ទទួលបានជោគជ័យដោយមានអ្នកចូលរួម ១៧០ នាក់  ។ កម្មវិធីជាង២ថ្ងៃនេះ មានវគ្គសរុបចំនួន ជាង ៣០ ហើយវគ្គនីមួយៗត្រូវបានបង្រៀន ដោយអ្នកជំនាញកម្រិតខ្ពស់នៃផ្នែកឌីជីថល។

ក្នុងវគ្គមួយដែលបង្រៀនដោយលោកស្រី DEVI Svaradiva ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍អ៊ីនធឺណិត ដែលបាន បញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងពីសាកលវិទ្យាល័យឥណ្ឌូនេស៊ី ហើយបច្ចុប្បន្នកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកបញ្ញាសិប្បនិម្មិតនៅសាកលវិទ្យាល័យម៉ាល់តា។ លោកស្រីបានផ្តល់ឱ្យយើងនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីក្រមសីលធម៌ បញ្ញាសិប្បនិម្មិត និងច្បាប់ការពារទិន្នន័យ។

លើសពីនេះទៅទៀត បទបង្ហាញដោយ លោកលី សុខផាត ប្រធាននាយកដ្ឋានសិក្សាគម្រោងនិងកម្មវិធីអភិវឌ្ឍន៍ អគ្គលេខាធិការដ្ឋានគណៈកម្មធិការដ្ឋាភិបាលឌីជីថល ស្តីពី បរិវត្តកម្មឌីជីថលគឺជាបទបង្ហាញដែលគួរអោយចាប់អារម្មណ៍ ។ គាត់បានលើកឡើងពីកង្វល់របស់ភលរដ្ឋលើកត្តាជាច្រើនដូចជា លំនៅឋានតាមខេត្ត លទ្ធភាពទទួលបានរបស់ជនមានពិការភាព តម្លាភាព និងគណនេយ្យភាពរបស់រដ្ឋាភិបាល។ វា​ជា​ការសង្ខេប និងការផ្ដល់ចំណេះដឹងយ៉ាងសំខាន់ សម្រាប់​អ្នក​ចូល​រួម​ទាំង​អស់ និង​គណៈកម្មាធិការ​រៀបចំ។ ជាមួយនឹងការរៀនសូត្រពីវគ្គទាំងអស់នៃ YIGF ខ្ញុំនឹងកាន់តែមានភាពក្លាហានក្នុងការ ស្វែងយល់បន្ថែមពីវេទិកា IGF នៅដើមខែតុលា ឆ្នាំ 2023។

ឆ្ពោះ​ទៅ​រក​ការ​ពិភាក្សា​បន្ថែម​ទៀត លោកក៏​បាន​លើក​ឡើង​អំពី​ច្បាប់​ការពារ​ទិន្នន័យ​ដែល​ ជាសេចក្ដី​ព្រាង​ច្បាប់ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (MPTC)។ អនុក្រឹត្យមួយត្រូវបានចេញផ្សាយនៅឆ្នាំ 2021 ដោយក្រសួងមហាផ្ទៃ (MoI) ដោយបញ្ជាក់ពីកត្តាមួយចំនួនដែលនឹងត្រូវបានណែនាំ ប៉ុន្តែការសន្មត់រួមគឺការការពារទិន្នន័យផ្ទាល់ខ្លួន។ ផ្នែកដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀតសម្រាប់អ្នកអានគឺកម្រិតនៃការគ្រប់គ្រងសន្តិសុខនៅក្នុងក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធផ្សេងទៀតដូចជា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និងអន្តរក្រសួង។ នេះ​បង្ហាញ​ពី​ទំនាក់ទំនង​សហការ​ដែល​ពលរដ្ឋ​គួរ​មើល​ឃើញ។ ជាងនេះទៅទៀត នៅក្នុងជំពូកទី 2 មាត្រា 4 មានការចង្អុលបង្ហាញថា តើទិន្នន័យណាខ្លះមានលក្ខណៈផ្ទាល់ខ្លួន ហើយត្រូវតែរក្សាសុវត្ថិភាពដោយកម្រិតក្រសួង។

វេទិកាអភិបាលកិច្ចអ៊ីនធឺណិតត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដើម្បីជួយសម្រួលដល់ ភាគីពាក់ព័ន្ធពហុភាគី ប្រជាធិបតេយ្យ និងវេទិកាតម្លាភាពសម្រាប់ការពិភាក្សាលើបញ្ហាអភិបាលកិច្ចអ៊ីនធឺណិត។ ដែលភ្ជាប់ទៅនឹងចំណង់ចំណូលចិត្តរបស់ខ្ញុំក្នុងការចូលរួមក្នុងគណៈកម្មាធិការរៀបចំ YIGF ។ ខ្ញុំ​ចង់​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ចលនា​ដើម្បី​ការពារ និង​ណែនាំ​គោលនយោបាយ​សាធារណៈ​អ៊ីនធឺណិត​ដល់​ប្រទេសកម្ពុជា។ ចំពោះការរំពឹងទុករបស់ខ្ញុំ ខ្ញុំចង់មានគោលដៅច្បាស់លាស់អំពីរបៀបដែលខ្ញុំអាចជួយដល់សង្គមកម្ពុជាក្នុងការការពារខ្លួនតាមអ៊ីនធឺណិតតាមរបៀបដ៏ស្អិតរមួតក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ គោលដៅដែលអាចសម្រេចបាន និងស្របតាមគោលការណ៍នៃកិច្ចប្រជុំកំពូលពិភពលោកស្តីពីសង្គមព័ត៌មាន (WSIS) ក្នុងដំណើរការគ្រប់គ្រងអ៊ីនធឺណិត។ លើសពីនេះ YIGF អប់រំយុវជនអំពីគោលនយោបាយសាធារណៈ និងបញ្ហាអ៊ីនធឺណិតនៅលើកម្រិតអន្តរជាតិ និងបង្ហាញពីការអនុវត្តពីប្រទេសផ្សេងទៀតដែលមានលទ្ធផលល្អ។

មានវគ្គច្រើនជាង 300 សម្រាប់រយះពេល 5 ថ្ងៃពេញនៃព្រឹត្តិការណ៍។ ជាទូទៅ ប្រធានបទគឺស្ថិតនៅលើប្រធានបទជាក់លាក់មួយ។ ក្នុងករណីនេះប្រធានបទគឺ “អ៊ីនធឺណិតដែលយើងចង់បាន – ការពង្រឹងភាពអង់អាចសម្រាប់មនុស្សគ្រប់រូប” ។ How is it for all? ទិដ្ឋភាពច្បាប់ កុមារ និង​ការ​រួម​បញ្ចូល​ផ្នែក​យេនឌ័រ​ជា​ប្រធានបទដែលវេទិកា IGFបានផ្ដោតលើ ។

នាងខ្ញុំសូមអរគុណ អង្គការ​ទិន្នន័យ​អំពី​ការអភិវឌ្ឍ ដែលបានផ្តល់ឱកាសដល់ក្រុមគណះកម្មការរៀនចំ យើងខ្ញុំក្នុងការស្វែងយល់បន្ថែមពីវេទិកា IGF ទៅកាន់ប្រទេសជប៉ុន ដើម្បីស្វែងយល់អំពីការ អភិបាលកិច្ចអ៊ីនធឺណិត ហើយក៏សូមអរគុណដល់ UNDESA សម្រាប់ការរៀបចំ វេទិកា IGF នាឆ្នាំ ២០២៣នេះ!